(កែប)៖ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានលើកឡើងថា ឆ្នេរតេជោសន្តិភាពកែប ដែលមានប្រវែង២,៧០០ម៉ែត្រ ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប បានកំពុងពន្លឿនការស្ថាបនាលេចចេញរូបរាងបណ្តើរៗ តាមគម្រោងប្លង់ទំនើប និងរួចរាល់ដាក់ជូនសាធារណៈកម្សាន្តសប្បាយនាពេលខាងមុខឆាប់ៗ។
លោកបានថ្លែងបែបនេះ ក្នុងសន្និបាទបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ របស់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប នារសៀលថ្ងៃទី១៧ ខែតុលាឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក សូ សិង្ហា អនុរដ្ឋលេខាធិការ តំណាងលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ក្នុងឱកាសនោះ លោកអភិបាលខេត្តកែប ក៏បានបញ្ជាក់បន្ថែមផងដែរថា ខេត្តកែប គឺជាខេត្តមួយ ដែលបានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងបញ្ចប់ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុមុនគេបង្អស់ ក្នុងចំណោមរាជធានី-ខេត្ត ទាំង ២៥ ទូទាំងព្រះរាជាណាចក្រកម្ពុជា។
ជាមួយនេះ លោកអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញសូរិយោដីពាក់ព័ន្ធទាំងអស់ នៅពេលដែលបងប្អូនប្រជាពលរដ្ឋ មកទទួលប័ណ្ណ ត្រូវចូលរួមអប់រំ ណែនាំឲ្យចេះរៀបចំទុកដាក់ គ្រប់គ្រងថែរក្សាឲ្យបានល្អ និងចៀសវាងយកទៅអ៊ុត ព្រោះនាំឲ្យខូចប័ណ្ណ និងបន្តផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ ដែលជាម្ចាស់ក្បាលដីទាំងអស់ ដែលពុំទាន់ទទួលបានបណ្ណកម្មសិទ្ធិ សូមអញ្ជើញទៅទំនាក់ទំនងជាមួយមន្រ្តីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប រៀងរាល់ម៉ោងធ្វើការ ដើម្បីទទួលបានបណ្ណកម្មសិទ្ធិ។ ជាមួយគ្នានេះ មន្ដ្រីពាក់ព័ន្ធក្នុងការផ្តល់សេវាត្រូវបង្កលក្ខណៈល្អ និងបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយស្មារតីយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់។
លោកអនុរដ្ឋលេខាធិការ សូ សិង្ហា បានវាយតម្លៃខ្ពស់ និងកោតសសើរ ចំពោះរដ្ឋបាលខេត្តកែប និងមន្ទីរ ដ.ន.ស.ស ខេត្ត ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត សាមគ្គីភាព រួមកម្លាំងគ្នា លើគ្រប់ការងារក្នុង វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រហូតឈានដល់សម្រេចបានសមិទ្ធផលថ្មីៗជាច្រើន សម្រាប់បម្រើជូនប្រជាពលរដ្ឋទូទាំងខេត្តកែប នេះគឺជាការរួមចំណែកដ៏ធំធេងក្នុងការអភិវឌ្ឍប្រទេសជាតិ និងជាស្នូលក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលផងដែរ។
លោកបានបន្តថា ក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់ បាននឹងកំពុងអនុវត្តនូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាព និងធ្វើអោយមរតកនេះ ចាក់គ្រឹះកាន់តែរឹងមាំ ក្នុងសង្គមកម្ពុជា ការពារកុំឲ្យមានការបែកបាក់វិលត្រឡប់មកវិញ សម្រាប់ប្រជាជនកម្ពុជាតជំនន់។ ជាមួយគ្នានេះ ក្រោយឈានទៅបញ្ចប់បង្កើតបរិយាកាស មិនមានវិវាទ ក្រសួងបានងាកមក ការងារដែនដី នគរូបនីយកម្ម ដោយកសាងទីប្រជុំជន លំហសាធារណៈឲ្យមានជីវិត និងធ្វើឲ្យប្រជាជនកម្ពុជាមានជីវភាពកាន់តែប្រសើរ ចូលរួមចំណែកកសាងខឿនសេដ្ឋកិច្ចកម្ពុជា ដើម្បីឲ្យកម្ពុជា ក្លាយជាប្រទេសមានភាពរឹងមាំរស់ដោយខ្លួនឯង៕
0 Reviews:
Post a Comment