ព័ត៌មានថ្មីប្រចាំថ្ងៃ

Wednesday, October 1, 2025

ក្រសួងយុត្តិធម៌ និងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ រៀបចំពិធីសច្ចាប្រណិធានសម្រាប់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ជំនាន់ទី២

អ្នកទស្សនា: Views

(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ និងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នារសៀលថ្ងៃអង្គារ ទី៣០ ខែកញ្ញា ឆ្នាំ២០២៥ បាន រៀបចំពិធីសច្ចាប្រណិធាន សម្រាប់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ជំនាន់ទី២ ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

ពិធីសច្ចាប្រណិធាននេះ ត្រូវបានរៀបចំឡើងបន្ទាប់ពី អ.ដ.ក. បានសម្រេចផ្តល់នីតិសម្បទាដល់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទទាំង ៤០រូប នៅក្នុងកិច្ចប្រជុំលើកទី១១ របស់ អ.ដ.ក.។

ការធ្វើពិធីសច្ចាប្រណិធាននេះ គឺមិនត្រឹមតែជាកាតព្វកិច្ចដែលកំណត់ដោយច្បាប់ ដែលមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ត្រូវធ្វេីនៅមុន ពេលចាប់ផ្តើមអនុវត្តមុខងាររបស់ខ្លួនជាផ្លូវការប៉ុណ្ណោះទេ តែនេះក៏ដើម្បីបង្ហាញពីភាពស្អាតស្អំ និងភាពស្មោះត្រង់របស់ខ្លួន ក្នុងការអនុវត្តមុខងារជាមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទជូនប្រជាពលរដ្ឋផងដែរ។

ថ្លែងក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ក៏បានឡើងអំពីទិសដៅនៃការកែទម្រង់ប្រព័ន្ធយុត្តិធម៍ ក្នុងនីតិកាលទី ៧ នៃរដ្ឋសភា និងគោលបំណង នៃការបង្កេីតឱ្យមាន ស្ថាប័ន អ.ដ.ក. នេះ ព្រមទាំងបានផ្តាំផ្ញើឱ្យមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ជំនាន់ទី២នេះ ត្រូវខិតខំបំពេញការងារឱ្យបានល្អប្រសេីរ ពិសេសត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងក្រមប្រតិបត្តិ និងគោរពនូវបទប្បញ្ញត្តិនានារបស់ អ.ដ.ក. សំដៅរួមចំណែកកសាង និងលេីកកម្ពស់នូវជំនឿទុកចិត្តពីសាធារណៈជន លេីស្ថាប័ន ក៏ដូចជា ដេីម្បីបម្រេីនូវឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជន៕

0 Reviews:

Post a Comment