(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានជំរុញអតីតនិស្សិត អ.ម.ត គ្រប់រូប បង្កើតបរិយាកាសល្អសម្រាប់ការសិក្សាពេញមួយជីវិត ធ្វើបច្ចុប្បន្នភាពចំណេះដឹង និងសម្រួចជំនាញឯកទេសជាប្រចាំ ពោលគឺបន្តអភិវឌ្ឍសមត្ថភាព និងបង្កើនការសិក្សាស្រាវជ្រាវតាមជំនាញឯកទេសរៀងៗខ្លួនដោយផ្សារភ្ជាប់ ទ្រឹស្តីទៅនឹងការអនុវត្ត និងឧត្តមានុវត្តន៍ជាក់ស្តែង សំដៅលើកកម្ពស់ភាពប្រកួតប្រជែង នៃកម្លាំងពលកម្ម និងកសាងយុវជនបន្តវេនរបស់កម្ពុជា ប្រកបដោយសមត្ថភាព និងគុណវុឌ្ឍិដឹកនាំខ្ពស់។
ប្រសាសន៍លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងជាប្រធានសមាគម អ.ម.ត ថ្លែងក្នុងឱកាសអញ្ជើញចូលរួមជាសហអធិបតីភាពជាមួយលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយនិស្សិតជ័យលាភី ឆ្នាំសិក្សា២០២៥-២០២៦ និងនិស្សិតបញ្ចប់ការសិក្សាអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ផ្តល់ជូនតាមរយៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥។
ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ក៏បានចូលរួមអបអរសាទរជាមួយអតីតនិស្សិត និងនិស្សិតអាហារូបករណ៍ អ.ម.ត ទើបតែបញ្ចប់ការសិក្សាពីប្រទេសចិនចំនួន ៩៩រូប ក្នុងនោះថ្នាក់បណ្ឌិត ២រូប, ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ២២រូប, ថ្នាក់បរិញ្ញាបត្រ ៧២រូប និងថ្នាក់ត្រៀមភាសាចិន ៣រូប ដែលការខិតខំសិក្សារហូតទទួលបានជោគជ័យរៀងៗខ្លួននេះ បានកសាងមូលដ្ឋានសមត្ថភាពដើម្បីពង្រឹងខ្លួនឯង ហើយទាំងនេះក៏ជាមោទនភាព និងសមិទ្ធផលថ្មីមួយទៀតរបស់គណៈកម្មាធិការ និងក្រុមការងារអាហារូបករណ៍ អ.ម.ត ក៏ដូចជាមាតាបិតា អាណាព្យាបាល និងសង្គមជាតិទាំងមូលផងដែរ៕
0 Reviews:
Post a Comment